នៅវិមានសន្តិភាព នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកទំនាក់ទំនងនយោបាយពី Krirk University នៅប្រទេសថៃ។

នៅក្នុងពិធីឧត្តុង្គឧត្តមនេះ ក៏មានការអញ្ជើញចូលរួមពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបុត្រាបុត្រីក្រុមគ្រួសារផងដែរ។ សាកលវិទ្យាល័យគ្រើក (Krirk University)គឺជាសាកលវិទ្យាល័យល្បីមួយ នៅក្នុងប្រទេសថៃដែលមានអាយុកាល ៦៧ឆ្នាំមកហើយ។ លោកសាស្រ្ដាចារ្យ ក្រាស៊ែ ឆាណាវង្ស (Krasae Chanawongse) ប្រធានសាកលវិទ្យាល័យគ្រើក បានលើកឡើងអំពីលក្ខណៈសម្បត្តិពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកបរទេសទី១ ដែលបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពី សាកលវិទ្យាល័យគ្រើកនៅថ្ងៃនេះ។ លោកសាស្រ្ដាចារ្យ បានបញ្ជាក់ច្បាស់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាមេដឹកដែលពោរពេញទៅដោយចំនេះដឹង បទពិសោធន៍ និងសមត្ថភាព ដែលបានប្រើប្រាស់ជំនាញផ្នែកទំនាក់នយោបាយ ធ្វើអោយកម្ពុជាបានបង្រួបបង្រួម មានសុខសន្តិភាព និងរីកចម្រើនជាមួយកំណើនសេដ្ឋកិច្ចរឹងមាំមកទល់សព្វថ្ងៃ។ លោកសាស្រ្តាចារ្យ Krasae Chanawongse បានបញ្ជាក់ឡើងវិញថែមទៀតផងដែរថា គឺនៅឆ្នាំ១៩៧០ ដែលពេលនោះ សម្តេចតេជោ មានអាយុទើបតែ១៨ឆ្នាំ ដែលបានស្ម័គ្រចិត្តចូលធ្វើទាហាន រំលត់សង្រ្គាម និងរំដោះប្រទេសពីរបបប៉ុលពតប្រល័យពូជសាសន៍ ដែលទទួលបាននូវការគាំទ្រយ៉ាងច្រើនពីពលទាហាន ក៏ដូចជាពលរដ្ឋទូទៅ រហូតដល់ប្រទេសកម្ពុជាត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍នៅឆ្នាំ១៩៧៩។ ដោយសារភាពវៃឆ្លាតនៃការទំនាក់ទំនងទាំងក្នុងជួររដ្ឋាភិបាល និងក្នុងចំណោមសាធារណៈជន គឺ សម្តេចតេជោ ហ៊ុន សែន ដែលពេលនោះអាយុទើបតែ ៣២ ឆ្នាំ (១៩៨៥) បានក្លាយជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅលើពិភពលោក។ តាមរយៈការប្រើប្រាស់នូវទំនាក់ទំនងនយោបាយ គឺសម្តេចតេជោ បានកសាងនូវទំនុកចិត្តជាមួយ សមាជិកគណបក្ស សមាជិករដ្ឋាភិបាល និងជាមួយប្រជាពលរដ្ឋ ដែលបានធ្វើអោយ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត ភ្លូកទឹកភ្លូកដីនៅក្នុងថ្ងៃបោះឆ្នោត ថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ ដែលបានធ្វើអោយ សម្តេចតេជោ ហ៊ុន សែន បន្តកាន់តំណែងនាយករដ្ឋមន្រ្តីមានរយៈពេល៣៤ឆ្នាំហើយ មកទល់ឆ្នាំ ២០១៩នេះ។ ចំពោះការទទួលស្គាល់ជាលក្ខណៈអន្តរជាតិតាមរយៈចំណេះដឹង បទពិសោធន៍ ជំនាញ និងសមត្ថភាពដឹកនាំប្រទេសប្រកបដោយទស្សនៈវិស័យច្បាស់លាស់ គឺ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានទទួលមេដាយ និងសញ្ញាបត្របណ្ឌិតកិត្តិយជាច្រើនមកហើយ ពីបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសចិន, កូរ៉េ, វៀតណាម, រុស្សី, អ៊ឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាសកលវិទ្យាល័យ ពិសេស លោកសាស្រ្ដាចារ្យ Krasae Chanawongse ប្រធានសកលវិទ្យាល័យគ្រើក គណៈគ្រប់គ្រង សាស្រ្ដាចារ្យ និងតំណាងនិស្សិតនៃសកលវិទ្យាល័យគ្រើក ដែលមានវត្តមាននៅកម្ពុជាថ្ងៃនេះ ដែលបាន សិក្សាស្រាវជា្រវអំពីប្រវត្តិនៃការតស៊ូរំដោះជាតិ និងប្រជាជន ព្រមទាំងសមិទ្ធផលជាច្រើនដែល សម្តេចតេជោ សម្រេចបានដោយជោគជ័យជូនជាតិមាតុភូមិ ជាពិសេសការដាក់ចេញនូវ នយោបាយ «ឈ្នាះ- ឈ្នះ» ដែលបានបញ្ចប់សង្រ្គាមរាំរ៉ែទាំងស្រុង ដែលធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យមកដល់សព្វថ្ងៃ ដែលកម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ ទី ៦ លើពិភពលោកដោយសម្រេចបានកំណើនជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សញ្ញាបត្របណ្ឌិតកិត្តិយសដែលសម្តេចទទួលបានថ្ងៃនេះ គឺជាមោទនភាពសំរាប់ប្រជាជនកម្ពុជាទាំងមូល ដែលបងប្អូនបានចូលរួមនៅក្នុងបុព្វហេតុជាតិមាតុភូមិ ហើយដែលតែងតែគាំទ្រ និងជឿជាក់លើការដឹកនាំរបស់ សម្តេច និងគណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនេះ កិត្តិយសដែលដែល សម្តេចតេជោ ទទួលបានថ្ងៃនេះ គឺបានឆ្លុះបញ្ចាំងអំពីចំណងមិត្តភាពកាន់តែរឹងមាំរវាងប្រជាជន និងប្រទេសយើងទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលកំពុងរីកធំធាត់ទៅមុខជាលំដាប់ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការអភិវឌ្ឍន៍នៃធនធានមនុស្ស។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមចែករំលែកនូវមោទនភាពទាំងអស់នេះដល់ក្រុមគ្រួសារ ឧត្តមភរិយា កូនៗ និងចៅៗ ជាទីស្រឡាញ់ដែលតែងតែផ្តល់ម្លាំងចិត្ត និងស្ថិតនៅជាប់ជានិច្ចជាមួយ សម្តេច ដើម្បីសម្តេចអាចមានឱកាសបម្រើជាតិមាតុភូមិ ថែរក្សាបាននូវសុខសន្តិភាពឲបានគង់វង្ស និងធ្វើការអភិវឌ្ឍឱ្យបានរីកចម្រើនលើគ្រប់រិស័យ ដើម្បីប្រជាជនកម្ពុជាទូទាំងប្រទេសមានជីវភាពសម្បូរសប្បាយរុងរឿង។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរឯកលោកសាស្រ្ដាចារ្យ Krasae Chanawongse ប្រធានសកលវិទ្យាល័យ គ្រើក និងគណៈប្រតិភូនៃសកលវិទ្យាល័យ ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់សូមប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និង ជោគជ័យគ្រប់ភារកិច្ច៕