សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃបានបញ្ចប់ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែងទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។ ទន្ទឹមនឹងនេះដែរ បងប្អូនប្រជាពលរដ្ឋ កូនក្មួយយុវជន និងភ្ញៀវទេសចរអន្តរជាតិបានយល់កាន់តែច្បាស់អំពីតម្លៃសន្តិភាព

ក៏ដូចជាកេរ្ត៍ដំណែលនៃទំនៀមទម្លាប់ប្រពៃណីដ៏ល្អឯករបស់កម្ពុជាយើង។ គ្មានសន្តិភាពគឺគ្មានអ្វីៗទាំងអស់។ ខ្ញុំសូមអរគុណដល់សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមថែរក្សាការពារសន្តិសុខសុវត្ថិភាពសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរអោយមានឱកាសបានសប្បាយរីករាយនៅទូទាំងប្រទេស។ ខ្ញុំក៏សូមអរគុណដល់ក្រសួង មន្ទីរ និងស្ថាបន័ពាក់ព័ន្ឋនានារួមទាំងអង្គការ សមាគម ភ្នាក់ងារក្រុមគ្រូពេទ្យ សិល្បៈករ សិល្បៈការិនី វិទ្យុ និងទូរទស្សន៍ ព្រមទាំងបណ្តាក្រុមហ៊ុនទាំងអស់ដែលបានចូលរួមចំណែកនៅក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូកដែលមានរយៈពេល៣ថ្ងៃកន្លងមកនេះជូនបងប្អូនប្រជាពលរដ្ឋបានសប្បាយរីករាយប្រកបដោយភាពអធិកអធម្មបំផុត។ ការចូលរួមរបស់បងប្អូនគឺកំពុងជំរុញអោយសង្គមកម្ពុជាយើងកាន់តែរីកចម្រើនទៅមុខ។ សូមជូនពរអោយការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកូនក្មួយយុវជន និងកូនក្មួយកម្មករកម្មការនីមានសុខសុវត្ថិភាពតាមផ្លូវពេលវិលត្រឡប់មកកាន់លំនៅដ្ធាន និងកន្លែងធ្វើការរៀងៗខ្លួនរបស់កូនក្មួយទាំងអស់គ្នា៕