នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

តាមរបាយការណ៍របស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានអោយដឹងថា រោងចក្រស៊ីម៉ង់តិ៍ ថៃប៊ុនរ៉ុង នេះសាងសង់លើផ្ទៃដីទំហំជិត ៧០០ហិកតា បំពាក់ដោយឧបករណ៍បច្ចេកទេសទំនើប ហើយមានសមត្ថភាពផលិតស៊ីម៉ង់បានប្រមាណ ២,៥០០តោនក្នុងមួយថ្ងៃ ស្មើនឹងជិត១លានតោនក្នុងមួយឆ្នាំ។ វត្តមានរោងចក្រស៊ីម៉ង់ ថៃ ប៊ុនរ៉ុងនេះ បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។ រោងចក្រនេះ អាចផ្តល់ការងារអចិន្ត្រៃយ៍ដល់បុគ្គលិកប្រមាណ ៣៣៥នាក់ ក្នុងនោះមានជនជាតិបរទេសប្រមាណ ៣៥នាក់ផង។ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់តិ៍ចំនួន៥ហើយ រាប់ទាំងរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង ដែលដាក់ឱ្យដំណើរការជាផ្លូវការនៅព្រឹកនេះ ហើយរោងចក្រទាំង៥នេះ អាចផលិតស៊ីម៉ង់តិ៍បានជិត ៨លានតោនក្នុងមួយឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីរីករាយ ដែលបានអញ្ជើញមកសម្ពោធដាក់អោយដំណើរការនៃរោងចក្រផលិតស៊ីម៉ង់ត៍ នៃក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នាពេលនេះ។ សម្តេចតេជោបានបង្ហាញនូវក្តីមោទភាពបំផុត ចំពោះប្រទេសកម្ពុជា ដែលបាន បង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ផ្ទាល់ខ្លួននៅទីនេះ។ សម្តេចតេជោបានមានប្រសាសន៍បន្តថា នេះជាសមិទ្ធផលថ្មី បន្ថែមលើសមិទ្ធផលដែលយើងមានស្រាប់ ហើយការបង្កើតរោងចក្រនេះ គឺជាការបង្កើតឧស្សាហកម្មធុនធ្ងន់មួយរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកនៃវិស័យសំណង់ដែលកំពុងមានការកើនឡើងនាពេលបច្ចុប្បន្ននេះ ជាពិសេសការសាងសង់សំណង់អាគារផ្សេងៗដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ និងគ្រប់វិស័យនានា។ ខេត្តកំពតយើងមានរោងស៊ីម៉ងត៍ ចំនួន៤ រួមទាំងរោងចក្រផលិត វារីអគ្គិសនី១ផងដែរ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាយើង។ សម្តេចតេជោបានមានប្រសាន៍បន្តថា ស៊ីម៉ង់ត៍ គឺជាតម្រូវការដ៏ចាំបាច់នៅលើពិភពលោក ពីព្រោះបច្ចុប្បន្ននេះ គ្រប់សំណង់ទាំងអស់សុទ្ធតែត្រូវ ការប្រើប្រាស់ស៊ីម៉ង់ត៍ ដូចជាអគារបុរីលំនៅដ្ឋាន សាលារៀន វត្តអារាម និងផ្លូវប្រភេទបេតុងជាដើម។ សម្តេចតេជោ បានកោតសរសើរចំពោះក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតផលិតផលក្នុងស្រុក ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ និងធ្វើការនាំចេញផងដែរ។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីជំរុញអោយក្រុមហ៊ុន ត្រូវចូលរួមថែទាំ និងជុសជុលផ្លូវដែលខូចខាតផង ពីព្រោះផ្លូវថ្នល់ទាំងអស់បានបម្រើដល់ការដឹកជញ្ជូនស៊ីម៉ង់ត៍របស់ក្រុមហ៊ុនខ្លួនទៅកាន់គោលដៅអតិថិជនគ្រប់ទីកន្លែងផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ចាក់ថា ខេត្តកំពត គឺជាខេត្ត ដែលបានបញ្ចប់សង្គ្រាមក្នុងឆ្នាំ១៩៩៦ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដែលរាជរដ្ឋាភិបាលបានដាក់ចេញហើយពេលនេះខេត្តកំពតបានប្រែក្លាយទៅជាខេត្តដែលមានការអភិវឌ្ឍន៍រីកចម្រើនស្ទើរលើគ្រប់វិស័យ ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ ព្រោះជាខេត្តជាប់តំបន់សមុទ្រ ។ ខេត្តកំពតក៏ជាខេត្តដែលមានផលិតអំបិលផ្ទាល់ខ្លួន និងចែកចាយអំបិលទៅកាន់បណ្តាខេត្តផ្សេងៗទៀតផង។ ខេត្តកំពតយើងមានវារីអគ្គសនីនៅភ្នំកំចាយ ដែលមានអនុភាពប្រមាណ ១៩៣ មេហ្គាវាត់ ដែលកំពុងបម្រើ និងផ្គត់ផ្គង់អគ្គិសនីដល់គោលដៅអ្នកប្រើប្រាស់ជារៀងរាល់ថ្ងៃផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ អំពីវិធានការដោះស្រាយ និងការពារក្នុងពេលដែលកម្ពុជាខ្វះខាតអគ្គិសនីប្រើប្រាស់ នាពេលខាងមុខ ជាពិសេសសម្តេចតេជោបានអោយក្រសួងរ៉ែ និងថាមពលគិតគូរ និងបង្កើនថាមពលអគ្គិសនី ហើយសម្តេចបានមានប្រសាសន៍ថា៥ឆ្នាំទៀតកម្ពុជាយើង នឹងបង្កើនការតបណ្តាញអគ្គសនីនៅគ្រប់ទីកន្លែងទាំងអស់។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែអំណរគុណចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមទប់ស្កាត់ការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅថ្ងៃទី៩វិច្ឆិកាកន្លងទៅថ្មីៗនេះតាមរយៈការចូលរួមហូបអំបុកទាំងអស់គ្នា ក្រោមបាវចនា «ហូបអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ» ដែលប្រជាពលរដ្ឋបានចូលរួមយ៉ាងផុសផុស រួមទាំងការអញ្ជើញទៅចូលរួមព្រះរាជពិធីបុណ្យអុំទូកយ៉ាងច្រើនកុះករ នៅរាជធានីភ្នំពេញ ដែលនេះជាការចូលរួមថែរក្សាសន្តិភាពដែលយើងកំពុងមានសព្វថ្ងៃ ពីព្រោះយើងធ្លាប់បានហែលឆ្លងនូវសង្គ្រាមជាច្រើនមកហើយពីអតីតកាល ដូចច្នេះយើងមិនចង់ជួប មិនចង់ដឹងនូវសង្គ្រាមអ្វីទៀតឡើយ។ សម្តេចតេជោក៏បានអរគុណ ដល់អាជ្ញាធរកងកម្លាំងប្រដាប់គ្រប់លំដាប់ថ្នាក់ដែលបានចូលរួមការពារ រក្សាសន្តិសុខ សុវត្ថិភាព ចាប់ពីថ្ងៃ៩វិច្ឆិកា រហូតដល់បញ្ចប់បុណ្យអុំទូក ដែលបានធ្វើអោយបងប្អូនប្រជាពលរដ្ឋបានដើរកម្សាន្តគ្រប់ទីកន្លែងប្រមាណជិត៦លាននាក់។ សម្តេចតេជោនាយករដ្ឋមន្ត្រី សន្យាថានឹងនៅរួមដំណើរជាមួយប្រជាពលរដ្ឋកម្ពុជាក្នុងការដឹកនាំប្រទេសមិនតិចជាង១០ឆ្នាំទៅមុខទៀត។ សម្តេចតេជោ ហ៊ុន សែន បានជូនពរចំពោះប្រជាពលរដ្ឋទាំងអស់ សូមជួបតែសេចក្តីសុខចម្រើនគ្រប់ៗគា្ន។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់អោយដំណើរការ និងអញ្ជើញទស្សនាខ្សែសង្វាក់ផលិតកម្មនៃក្រុមហ៊ុនផលិតស៊ីម៉ង់ត៍នេះ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕