ថ្ងៃនេះ Facebook ខ្ញុំមានចំនួនអ្នកគាំទ្រនិងចូលចិត្ត (Likes)មកទល់ម៉ោង 11:09am ថ្ងៃទី ២ កុម្ភះ ២០១៦ គឺ 2,099,740។ ខ្ញុំសូមអរគុណជនរួមជាតិ និងយុវជន យុវតីទាំងក្នុង និងក្រៅប្រទេសដែលបានគាំទ្រខ្ញុំគ្រប់ពេល។

ថ្ងៃនេះខ្ញុំសូមនិយាយអំពីប្រវត្តិ Facebook ខ្ញុំជម្រាបជូនជនរួមជាតិអោយបានដឹងថាតើ Facebook ខ្ញុំនេះចាប់បើកនៅពេលណា?

មានយុវជនម្នាក់ដែលក្រោយពីបានបញ្ចប់ការសិក្សានៅប្រទេសកម្ពុជាហើយ គឺបានអាហារូបករណ៍ទៅសិក្សានៅប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ ដោយសារមើលឃើញអំពីសារៈសំខាន់បណ្តាញ Facebook នៅក្រៅប្រទេស ដែលមានការនិយមចូលចិត្តពីយុវវ័យនិងនិស្សិតជាច្រើន ហើយយុវជនរូបនេះគិតថា នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវតែមានបណ្តាញសង្គមបែបនេះដើម្បីមានទំនាក់ទំនងល្អកាន់តែជិតស្និទ្ឋជាមួយ ប្រជាជន ជាពិសេសយុវជន ទើបនៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១០ យុវជនរូបនេះបានរៀបចំបង្កើត Facebook ដាក់ឈ្មោះខ្ញុំ “Samdech Hun Sen, Cambodian Prime Minister” ។ យុវជនរូបនេះបានរៀបចំបង្ហោះជាព័ត៌មានអំពីសកម្មភាពខ្ញុំ រួមទាំងព័ត៌មានសង្គម ព្រមទាំងរូបថត និងពត៌មានទាក់ទាញទេសចរណ៌កម្ពុជា។ ខ្ញុំបានតាមដានមើលព័ត៌មានអំពី Facebook ដែលមានឈ្មោះខ្ញុំជាប្រចាំ ទន្ទឹមនិងនោះគឺមានអ្នកបង្កើត Facebook ដែលបានដាក់ឈ្មោះខ្ញុំជាច្រើនផ្សេងទៀត។ ខុទ្ទកាល័យខ្ញុំក៏បានចេញលិខិតបដិសេធន៍ពីមុនថា នាយករដ្ឋមន្រ្តីពុំទាន់មាន Facebook ផ្ទាល់ខ្លួននៅឡើយទេនៅពេលនោះ។ ខាងគណបក្សប្រឆាំងបានប្រកាសថា មេដឹកនាំគណបក្សគេគឺឈ្នះដាច់បក្សកាន់អំណាចសព្វថ្ងៃ ដែលនៅពេលនោះគឺខ្ញុំពុំទាន់មាន Facebook ផ្លូវការនៅឡើយ គឺគេប្រកួតតែជាមួយខ្លួនឯង។ ចំពោះយុវជនដែលបានរៀបចំបង្កើត Facebook ខ្ញុំនៅតែបន្តផ្សាយព័ត៌មានជាធម្មតា ទោះបីពុំទាន់មានការទទួលស្គាល់ជាផ្លូវការក៏ដោយ។ ខ្ញុំបន្តតាមដានពិនិត្យទៅលើ Facebook ទាំងអស់ដែលប្រើប្រាស់ឈ្មោះខ្ញុំ ហើយប្រៀបធៀបគុណភាពការផ្សាយ និងការទទួលខុសត្រូវ ដែលខ្ញុំសម្រេចថានឹងត្រូវជ្រើសរើសយកមួយជាផ្លូវការ។ នៅពេលដែលគេហទំព័រយុវជនរូបនេះនេះទទួលបានអ្នកគាំទ្រ ១លាន៥ម៉ឺននាក់ នៅក្នុងខែ កញ្ញា ឆ្នាំ ២០១៥ គឺខ្ញុំបានប្រាប់កូនប្រុសរបស់ខ្ញុំអោយស្វែងរកយុវជនរូបនេះ ហើយបន្ទាប់មកក៏បានទទួលស្គាល់ Facebook នេះជាផ្លូវការរបស់ខ្ញុំតែម្តងនៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៥។

ក្រោយពីខ្ញុំបានប្រកាសទទួលស្គាល់ Page នេះជាផ្លូវការរបស់ខ្ញុំ និងបានបញ្ជាក់ទៅក្រុមហ៊ុន Facebook ដើម្បី (Verify)បញ្ជាក់ថាជា Page របស់ខ្ញុំ គឺខ្ញុំសង្កេតឃើញកំណើនចំនួនអ្នកគាំទ្រ និង Likes បានកើនឡើងយ៉ាងខ្លំាង។ តាមពិតទៅខ្ញុំទើបចាប់កាន់កាប់ Page ផ្ទាល់ខ្លួនរបស់ខ្ញុំចាប់ពីខែ ២០ កញ្ញា្ ២០១៥ មកទល់ថ្ងៃទី ២ កុម្ភះ ឆ្នាំ ២០១៦ (ជាង៤ ខែ) គឺបានទទួលការគាំទ្រនិង Likes (2,099,740) ។ ខ្ញុំប្រើប្រាស់ Facebook គឺដើម្បីប្រយោជន៌សង្គម និងបានដឹងអំពីសុខទុក្ខពលរដ្ឋ ព្រមទាំងផ្តល់ឱកាសអោយពលរដ្ឋបាននៅកាន់តែជិតស្និទ្ឋជាមួយខ្ញុំ។ កន្លងមកថ្មីៗនេះ ខ្ញុំបានដោះស្រាយបញ្ហាសង្គមជាតិ និងជួយពលរដ្ឋកម្ពុជាបានច្រើនតាមរយៈបណ្តាញសង្គមនេះ។ ខ្ញុំប្រើប្រាស់បណ្តាញសង្គមនេះមិនទៅប្រកួតប្រជែងជាមួយអ្នកណាម្នាក់ឡើយ។ ចំនួនអ្នកគាំទ្រច្រើននៅក្នុងបណ្តាញ Facebook គឺជាសម្លេងគាំទ្ររបស់ពលរដ្ឋដែលចូលចិត្តខ្ញុំ នៅពេលដែលបងប្អូនដឹងថានេះគឺជាគេហទំព័រពិតតែមួយរបស់ខ្ញុំ។ ខ្ញុំសូមស្វាគមន៍ទាំងអស់គ្នា ទោះបីបងប្អូនមកពីបក្សណាក៏ដោយ។

ខ្ញុំក៏សូមអរគុណជនរួមជាតិ និយយុវជនដែលបានគោរពស្រឡាញ់ខ្ញុំ និងនៅជាមួយខ្ញុំ ដើម្បីថែរក្សា ការពារសន្តិភាពសម្រាប់ជាតិយើងទាំងមូល៕